មូលហេតុដែលខ្ញុំធ្វើការនៅមណ្ឌលធនធានស្ត្រី


មូលហេតុដែលខ្ញុំធ្វើការនៅមណ្ឌលធនធានស្ត្រី

នាងខ្ញុំឈ្មោះ រីនី មានអាយុ ២៦ ឆ្នាំ។ ខ្ញុំមានស្រុកកំណើតនៅខេត្តកំពង់ធំ។ ខ្ញុំមានគ្រួសារធំមួយដែលមានបងប្អូនបង្កើតចំនួនបីនាក់គឺ បងស្រីពីរនាក់ និងរូបខ្ញុំ។ ខ្ញុំបានបញ្ចប់ថ្នាក់បរិញ្ញាបត្រច្បាប់នៅឆ្នាំ ២០១៤ ពីសកលវិទ្យាល័យបៀលប្រាយ (BBU) ក្នុងខេត្តសៀមរាប។

ទន្ទឹងនឹងនោះខ្ញុំក៏បានចូលរួមវគ្គពិភាក្សា របស់អាណាព្យាបាលពីការចិញ្ចឹម និងអប់រំកូននៅមជ្ឈមណ្ឌលធនធានស្ត្រី និងបានរៀនពីរបៀបធ្វើជាឪពុកម្តាយគំរូសម្រាប់កូនៗ។ ខ្ញុំបានមានឱកាសចូលរួមសិក្ខាសាលានេះគឺដោយសារមជ្ឈមណ្ឌលធនធានស្ត្រី ជាដៃគូអង្គការដែលខ្ញុំបំរើការងារពីមុន។ អ្នកចូលរួមវគ្គរួមមានទាំងឪពុក១នាក់ ម្តាយ៤នាក់ និង ស្ត្រីដែលមិនមែនជាម្តាយ២នាក់ (រួមទាំងខ្ញុំ)។

ខ្ញុំបានដឹងថា សិក្ខាសាលានេះគឺមានប្រយោជន៍ខ្លាំងណាស់សម្រាប់ខ្ញុំ ទោះបីជាខ្ញុំមិនទាន់ក្លាយខ្លួនជាម្ដាយម្នាក់នៅឡើយ។ ខ្ញុំមានអារម្មណ៍ថាសប្បាយរីករាយដែលបានរៀនពីរបៀបធ្វើជាម្តាយគំរូ និងរបៀបអប់រំកូនៗរបស់ខ្ញុំ របៀបកសាងភាពរីករាយដែលប្រកបដោយគុណភាពក្នុងគ្រួសារផងដែរ។

ខ្ញុំមានការចាប់អារម្មណ៍ជាពិសេសនៅក្នុងចំនុចបួនយ៉ាងដើម្បីកសាងគ្រួសារមួយដ៏មានសុភម្គល:
1. ការបង្កើតគ្រួសារដែលមានពេលវេលាដ៏រីករាយ
2. ការអប់រំកុមារដោយមិនប្រើអំពើហិង្សា
3. ការយល់ដឹងអំពីតួនាទីរបស់ឪពុកម្តាយ
4. យល់ដឹងអំពីការចេះអធ្យាស្រ័យ និងយោគយល់

ជាឪពុកម្តាយមួយរូបមិនត្រឹមតែផ្តល់អោយកូនៗនូវតម្រូវការផ្នែករាងកាយខាងក្រៅតែប៉ុណ្ណោះនោះទេ ប៉ុន្តែក៏ត្រូវមានការគាំទ្រផ្លូវចិត្តផងដែរ។ នៅពេលដែលខ្ញុំបានវិលត្រឡប់មកដល់សហគមន៍របស់ខ្ញុំ, ខ្ញុំបានចែករំលែកចំនេះដឹងដែលខ្ញុំទទួលបានទៅដល់ឪពុកម្តាយទាំងអស់ក្នុងសហគមន៍។ ពួកគេមិនបានយល់ដឹងឱ្យបានត្រឹមត្រូវអំពីតួនាទីរបស់ឪពុកម្តាយមួយរូមនោះទេ ហើយខ្ញុំមានភាពសប្បាយរីករាយដើម្បីជួយឱ្យពួកគេនាំយកនូវសុភមង្គលផ្តល់ដល់កូនៗរបស់ពួកគេ។

ខ្ញុំបានឃើញចំនុចជាច្រើនដែលបណ្តាលមកពីការអប់រំមានកំរិត និងភាពអនក្ខរកម្ម។ ទាំងនេះគឺជាការព្រួយបារម្ភដ៏ធំសម្បើមសម្រាប់ការលុបបំបាត់អំពើហិង្សា។ ខ្ញុំបានប្រាប់ពួកគេថា មជ្ឈមណ្ឌលធនធានស្ត្រី ផ្ដល់នូវសិក្ខាសាលាដែលមានការប្រើជារូបភាព ខ្សែវីដេអូខ្លីជាដើម ដែលឆ្លុះបញ្ចាំងពីផលវិបាក និងផលប៉ះពាល់បណ្តាលពីអំពើហឹង្សា ដើម្បីអោយអ្នកចូលរួមអាចយល់កាន់តែច្បាស់។

ប្រទេសរបស់ខ្ញុំបានឆ្លងកាត់សង្គ្រាមអស់រយៈពេលជាច្រើនឆ្នាំ ជាហេតុធ្វើឲ្យប្រជាជនកម្ពុជាភាគច្រើន ជាពិសេសកុមារមានស្រមោលពណ៌ខ្មៅនៅក្នុងគំនិតរបស់ពួកគេ។ ក្នុងអំឡុងពេលនេះក្រុមគ្រួសារជាច្រើនត្រូវបានគេមើលឃើញថាកំពុងតែធ្វើសកម្មភាពដ៏ឃោឃៅ ចំពោះគ្នាទៅវិញទៅមក សូម្បីតែសាច់ញាតិរបស់ខ្លួនផ្ទាល់។ មនុស្សគ្រប់រូបគឺមិនបានទទួលការអប់រំនោះទេព្រោះមិនមានសាលារៀននៅក្នុងអំឡុងរបបខ្មែរក្រហម។

មជ្ឈមណ្ឌលធនធានស្ត្រី បានបង្ហាញនូវចក្ខុវិស័យខុសប្លែកពីអង្គការដទៃទៀត។ ពួកគេការផ្តោតសំខាន់ខ្លាំងទៅលើតួនាទីរបស់ឪពុកម្តាយ ព្រោះយើងមិនអាចពឹងផ្អែកតែលើសាលារៀន ហើយយើងក៏ចង់ឱ្យកុមារកម្ពុជាលូតលាស់ដោយមិនចាំបាច់មានស្រមោលខ្មៅនៅក្នុងគំនិតរបស់ពួកគេ។ ខ្ញុំបានឃើញថាកុមារគឺជាទំពាំងស្នងឬស្សីដែលជាអនាគតនៃប្រទេសកម្ពុជា។