សមាជិកក្រុម

ឃឹម ពិសី
នាយិកាប្រតិបត្តិ

ខ្ញុំឈ្មោះ ឃឹម ពិសី មកពីខេត្តសៀមរាប ហើយខ្ញុំជាកូនពៅដែលមានបងប្អូនស្រី៥នាក់ និងបងប្រុសម្នាក់។ នៅដើមឆ្នាំ២០០៨ ខ្ញុំបានរៀបការជាមួយស្វាមីខ្ញុំឈ្មោះ កិល ហើយឥឡូវពួកយើងមានកូនប្រុសគួរអោយស្រលាញ់មា្នក់អាយុ៦ឆ្នាំឈ្មោះសុខឌីន។ ហេតុអ្វីបានជាខ្ញុំនៅមជ្ឈមណ្ឌលព័ត៌មានស្ត្រី? ក៏ព្រោះទីនេះជាកន្លែងផ្តល់នូវព័ត៌មានច្រើនប្រភេទចំពោះស្ត្រីដែលត្រូវការជំនួយ ហើយដោយសារពួកគាត់មិនដឹងថាកន្លែងដែលត្រូវទៅ។

ខ្ញុំជាស្រ្តីខ្មែរ ហើយខ្ញុំអាចនិយាយបានថាខ្ញុំយល់នូវមូលហេតុដែលស្ត្រីមានភាពអៀនខ្មាស់ច្រើនក្នុងការនិយាយអំពីក្តីបារម្ភ ឬក៏បញ្ហាក្នុងចិត្តរបស់ពួកគេ ពីព្រោះខ្ញុំក៏ធ្លាប់អញ្ចឹងដែរ។ ខ្ញុំគិតថាវាមិនល្អសំរាប់សុខភាពនោះទេបើសិនជាយើងមិនដោះស្រាយវា បញ្ហាទាំងនោះវាមិនទៅណាទេគឺវានៅតែក្នុងខ្លួនយើងដដែល ហើយបញ្ហាទាំងនោះវាអាចរីកធំឡើងៗ និងអាចបង្កើតជាភាពតានតឹង។

ខ្ញុំពិតជាចង់អោយបងប្អូនស្ត្រីមកកាន់អង្គការមជ្ឍមណ្ឌលធនធានស្រ្តីរបស់យើងដើម្បីចែករំលែកនូវក្តីបារម្ភ និងបញ្ហាដែលពួកគេមាន។ យើងផ្តល់នូវកន្លែងសុវត្ថិភាព ជួយរក្សាការសម្ងាត់ និងជួយគាំទ្រខាងផ្លូវចិត្ត។ ខ្ញុំសូមស្វាគមន៏ចំពោះស្រ្តីគ្រប់ៗរូប!

អុន គឹមសាន
អ្នកសម្របសម្រួលកម្មវិធី

នាងខ្ញុំ ឈ្មោះ អុន គឹមសាន មានស្រុកកំនើតក្នុងខេត្តសៀមរាប។ ខ្ញុំមានបងប្អូនប្រុសស្រី ៩នាក់ ហើយខ្ញុំជាកូនទី៧។ កាលពីមុនខ្ញុំធ្លាប់ធ្វើការជាគិលានុប្បដ្ឋាយិកានៅមណ្ឌលសុខភាពចុងឃ្នៀស រយៈពេល២ឆ្នាំ។ បន្ទាប់មកទៀតខ្ញុំបានធ្វើការនៅអង្គការរ៉ាក់ (RHAC) ២ឆ្នាំជាអ្នកសម្របសម្រួលផ្នែកសុខភាព។ បទពិសោធន៍របស់ខ្ញុំរាប់បញ្ចូលទាំងការផ្តល់ក្រុមពិភាក្សា និងវគ្គបណ្តុះបណ្តាលទៅលើមេរោគហ៊ីវ(HIV)/ ជំងឺអេដស៍(AID) ជំងឺកាមរោគ(STI) ផ្នែកសុខភាពបន្តពូជ អាហាររូបត្ថម្ភ ផែនការគ្រួសារ ការពន្យាកំណើត ការពិនិត្យឈាមរកមេរោគអេដស៍ និងការប្រឹក្សាយោបល់។

ខ្ញុំ បានធ្វើការជាមួយមនុស្សមកពីក្រុមផ្សេងៗគ្នាជាច្រើនជាពិសេសគឺស្ត្រី និងក្មេងស្រី។ កាលពីមុនខ្ញុំធ្វើជាអ្នកសម្របសម្រួលផ្នែកសុខភាពនៅមជ្ឍមណ្ឌលធនធានស្រ្តី ខ្ញុំមានអារម្មណ៍សប្បាយរីករាយក្នុងការចែករំលែកចំនេះដឹង និងបទពិសោធន៍ដែលមានប្រយោជន៍ដល់ក្រុមគោលដៅរបស់យើង។ ខ្ញុំឃើញថាស្ត្រី និងក្មេងស្រីពិតជាត្រូវការជំនួយ និងពត៌មានអំពីបញ្ហាសុខភាព សិទិ្ធស្រ្តី និង យេនឌ័រ អាណាព្យាបាល ផ្នែកហិរញ្ញវត្ថុ និងជាពិសេសគឺការប្រឹក្សាយោបល់ ពីព្រោះស្ត្រីភាគច្រើននៅកម្ពុជារៀនបានត្រឹមតែថ្នាក់បឋមសិក្សាតែប៉ុណ្ណោះ។

ខ្ញុំចង់ឃើញស្រ្តី និងយុវតីគ្រប់រូបនៅប្រទេសកម្ពុជាក្លាយមនុស្សដ៏រឹងមាំនៅក្នុងសង្គម។

ស្វាយ ស្រីនី
ផ្នែករដ្ឋបាល និង ហិរញ្ញវត្ថុ

នាងខ្ញុំ ឈ្មោះ ស្វាយ ស្រីនី មាន ស្រុកកំណើតនៅ ខេត្តតាកែវ។ នាងខ្ញុំមានបងប្អូន3នាក់ ប្រុស1នាក់​និង ស្រី២​នាក់។ នាងខ្ញុំធ្លាប់បានធ្វើការនៅអង្គការ ការី តាស មុខតំណែង ជាគណនេយ្យករ អស់រយះពេលជិត២ឆ្នាំ។ នាងខ្ញុំធ្លាប់បានចាត់ចែងថ វិការពីម្ចាស់ជំនួយ​ ការកត់ត្រាចំណាយប្រចាំថ្ងែ រៀបចំរបាយការណ៌ចំណាយ ប្រចាំខែ​និង របាយការណ៌ហិរញ្ញវត្ថុ។ នាងខ្ញុំបានសំរេចចិត្ត ធ្វើការជាមួយ មជ្ឍ មណ្ឌល ធនធាន ស្រ្តី ពីព្រោះ ខ្ញុំជាស្រី្ត ហើយនាងខ្ញុំយល់ពីអ្វីដែលពួកគេ ត្រូវការ ចង់បាន ព្រមទាំងកង្វល់ទាំងឡាយនៅក្នុងជីវិត។​មានស្រ្តីជាច្រើន នៅក្នុងប្រទេសកម្ពុជាបានប្រឈមមុខជាមួយអំពើហឹង្សាលើរូបរាងកាយ ផ្លូវចិត្ត អារម្មណ៌ និងផ្លូវភេទ​ ការប្រឈមមុខជាមួយគ្រឿងញៀន។ នាងខ្ញុំចង់ជួយស្រ្តីកម្ពុជាអោយមានការ រស់នៅប្រកបដោយសុវត្ថិភាព សេចក្តីថ្លែថ្នូរ និងសុភមង្គល។ ខ្ញុំចូលចិត្ត មជ្ឍ មណ្ឌល ធនធាន ស្រ្តី ដែលបានផ្តល់ជាកំលាំងចិត្ត ទំនុកចិត្ត សំរាប់ស្រ្តីមកទទួលការពិភាក្សា ពីបញ្ហាផ្ឡូវចិត្ត និងការអប់រំជាផ្លូវការទូទៅ។  

ជា រីនី
អ្នកសម្របសម្រួលសិទិ្ធស្រ្តី និង យេនឌ័រ

ខ្ញុំ ឈ្មោះជា រីនី មកពីខេត្តកំពង់ធំ។ គ្រួសាររបស់ខ្ញុំមានត្រឹមតែបងស្រី២នាក់ ហើយនិងខ្ញុំ។ ខ្ញុំរៀនចប់បរិញ្ញប័ត្រផ្នែកច្បាប់នៅសាកលវិទ្យល័យបៀលប្រាយខេត្តសៀមរា បក្នុ្ងងឆ្នាំ២០០៤។ ខ្ញុំមានមោទនភាពដែលខ្ញុំអាចជួយស្រ្តីនៅកម្ពុជាខាងផ្នែកអ្នកសម្របសម្រួលសិទិ្ធស្រ្តី និង យេនឌ័រ នៅអង្គការមជ្ឈមណ្ឌលធនធានស្ត្រី។

ខ្ញុំ ពេញចិត្តធ្វើការជាមួយនឹងស្រ្តីព្រោះអាចប្រាប់ពួកគេអំពីសិទ្ធិរបស់គេ និងច្បាប់ប្រទេសកម្ពុជាដែលអាចការពារពួកគេបាន។ ច្បាប់ទាំងនោះគឺច្បាប់ការពារអំពើហឹង្សាក្នុងគ្រួសារ ច្បាប់អាពាហ៍ពិពាហ៍ និងគ្រួសារ ហើយនឹងការការពារជនរងគ្រោះ។

ខ្ញុំសង្ឃឹមថាថ្ងៃណាមួយស្រ្តីទាំងអស់នៅកម្ពុជាត្រូវបានគេផ្តល់តម្លៃអោយហើយព្រមទាំងការអភិវឌ្ឍន៍នៅក្នុងប្រទេស។

ទី សាវុន
អ្នកសម្របសម្រួលផ្នែកសុខភាព

នាងខ្ញុំ ឈ្មោះសាវុន មានស្រុកកំនើតក្នុងខេត្តសៀមរាប។ ខ្ញុំមានបងប្អូនស្រី៤នាក់ និងបងប្អូនប្រុស២នាក់។ ខ្ញុំធ្លាប់ធ្វើការនៅការីតាស (Caritas Cambodia) ជាមួយក្រុមព្យាបាលតាមផ្ទះ ធ្វើការជាមួយអ្នកមានផ្ទុកមេរោគអេដស៍ និងផ្តល់ការអប់រំទៅដល់ប្រជាជនក្នុងភូមិគោលដៅ អំពីអេដស៍ និងជំងឺកាមរោគ។

ខ្ញុំ ក៏ធ្លាប់ធ្វើជាគិលានុប្បដ្ឋយិកានៅមណ្ឌលសុខភាពគោកចក។ ក្នុងតួនាទីជាអ្នកសម្របសម្រួលសុខភាពនៅអង្គការមេជ្ឈមណ្ឌលធនធានស្រ្តី ខ្ញុំពិតជាពេញចិត្តនឹងការងារនេះណាស់ ព្រោះខ្ញុំអាចចែករំលែកចំនេះដឹង និងបទពិសោធន៍ជាមួយនឹងស្ត្រី និងក្មេងស្រីជាច្រើន។ ខ្ញុំពិតជាចង់ជួយស្រ្តីខ្លាំងណាស់ពីព្រោះខ្ញុំក៏ជាស្ត្រីម្នាក់នៅកម្ពុជាដែរ ហើយខ្ញុំចង់ឃើញស្រ្តី និងក្មេងស្រីចេះតស៊ូជំនះរាល់បញ្ហាទាក់ទងនឹងសុខភាព និងផ្លូវចិត្តប្រចាំថ្ងៃ។

ខ្ញុំសង្ឃឹមថានឹងអាចជួយស្ត្រី និងក្មេងស្រី អោយមានអំណាចក្នុងការសម្រេចចិត្តអំពីជីវិតរស់នៅរបស់គេ។

សេម ស្រីណែត
អ្នកសម្របសម្រួលសុខភាពសហគមន៍

នាងខ្ញុំឈ្មោះ សេម​ ស្រីណែត រស់នៅក្នុង ខេត្ត សៀមរាប។នាងខ្ញុំបានទទួលការបណ្តុះបណ្តាលផ្នែកបរិបត្រ័គិលានុបដ្ឋាយិកា។

មុននិងនាងខ្ញុំបានចូលបំរើការងារនៅមជ្ឈមណ្ឌុលធនធានស្រី្ត។ នាងខ្ញុំបានចួលបំរើការងារនៅសមាគមន៍ថែទាំជំងឺទឹកនោមផ្អែមខេត្តសៀមរាប រយះពេល២ឆ្នាំ។
 
ខ្ញុំជាមនុស្សចូលចិត្តចែករំលេកបទពិសោធន៍របស់ខ្ញុំទៅកាន់ស្រី្តពីផ្នែកថែទាំសុខភាពរបស់ពួកគាត់ ដូចជា ការអនាមយ័ ការថែទាំសុខភាពបន្តពូជ  និង ការការពារជំងឺកាមរោគ។ខ្ញុំគិតថាស្រី្តមានតួនាទីយ៉ាងសំខាន់ទាំងនៅក្នុងផ្ទះ និងនៅក្រៅផ្ទះ ហេតុនេះហើយការថែទាំសុខភាពវាមានសារ:សំខាន់ណាស់ចំពោះពួកគាត់ ក៍ដូចជាសុខភាពរបស់កូនគាត់ផងដែរ។ ឧទាហរណ៍ការបរិភោគដែលមានអនាម័យល្អ នាំមកនូវសុខភាពល្អ។
 
សុខភាពគឺជាបញ្ហាដ៍សំខាន់សម្រាប់ស្រី្តនៅប្រទេសកម្ពុជា ហើយខ្ញុំពិតជាចង់ផ្តល់សិទ្ធិអំណាចដល់ពួកគាត់ដោយការអប់រំក្រៅប្រព័ន្ធ។
អាន​ សារួត
អ្នកសម្របសម្រួលប្រព័ន្ធផ្សព្វផ្សាយចំរុះ

នាងខ្ងុំឈ្មោះ: អាន សារួត ខ្ញុំរស់នៅក្នុងក្រុងសៀមរាប។ មុនពេលដែលខ្ញុំចាប់ផ្តើមធ្វើការនៅអង្គការមជ្ឈមណ្ឌលធនធានស្រ្តី ខ្ញុំគឺជាជាងកាត់ដេរម្នាក់នៅក្នុងភូមិរបស់ខ្ញុំ។​ទោះជាយ៉ាងណាក៏ដោយខ្ញុំមានឱកាសចូលរួមការងារក្រៅម៉ោងជាមួយក្រុមក្នុងអង្គការមជ្ឈមណ្ឌលធនធានស្រ្តី ជាជំនួយការ កម្មវិធីវគ្គបណ្តុះបណ្តាល ស្រ៊ូអៅអើរឡែន ដែលជាដៃគួររបស់ ហ្វូតូហ្វរវើត។ ហើយខ្ញុំក៏ជាជំនួយការក្នុងការបកប្រែ និងថតរូប ផងដែរ។ បានជាខ្ញុំចូលធ្វើការក្នុងអង្គការមជ្ឈមណ្ឌលធនធានស្រ្តី  ពីព្រោះវាជាឱកាសដែលខ្ញុំអាចទទួលបានចំណេះដឹង និងផ្លាស់ប្តូរជីវិតរបស់ខ្ញុំ។ ខ្ញុំពិតជាមានចិត្តសប្បាយរីករាយខ្លាំងណាស់ដែលបានជួយស្ត្រី និងក្មេងស្រីផ្សេងទៀតដែលរស់នៅក្នុងប្រទេសកម្ពុជា។ ហើយពួកគេនិងទទួលបានការអប់រំ និងចំណេះដឹងដូចខ្ញុំដែរ។

តាន់ សេណារ៉ា
បុគ្គលិកសង្គមកិច្ច

ខ្ញុំ ឈ្មោះ តាន់ សេណារ៉ា។ គ្រួសារខ្ញុំមានទីលំនៅក្នុងខេត្តសៀមរាប។ ខ្ញុំជាកូនពៅដែលមានបងស្រី២នាក់ និងបងប្រុស២នាក់ ហើយរូបខ្ញុំផ្ទាល់មានកូនប្រុសម្នាក់។ មុនពេលធ្វើការជាមួយមណ្ឌលធនធានស្ត្រី ខ្ញុំធ្លាប់ធ្វើការនៅអង្គការកម្ពុជាដើម្បីជួយស្តី្រមានវិបត្តិ (CWCC) ធ្វើជាមន្ត្រីសមាហរណកម្ម។

រយៈពេល១០ឆ្នាំ ដែលខ្ញុំធ្លាប់ធ្វើការជាមួយបញ្ហារបស់ស្រ្តី ដូចជាអំពើហឹង្សាក្នុងគ្រួសារ ការរំលោភសេពសន្ថវៈនិងការជួញដូរផ្លូវភេទ។ ខ្ញុំក៏មានបទពិសោធន៍ខាងប្រឹក្សាយោបល់ និងរៀនបរិញ្ញាប័ត្រផ្នែកច្បាប់។ ចាប់តាំងពីធ្វើជាអ្នកបម្រើការងារសង្គមនៅមជ្ឈមណ្ឌលធនធានស្រ្តី ខ្ញុំបាននឹងកំពុងបង្កើនទំនាក់ទំនងជាមួយស្រ្តី និងក្រុមគ្រួសាររបស់គេ។

ខ្ញុំ សង្ឃឹមថាស្ត្រីទាំងអស់នឹងមានទំនុកចិត្តក្នុងការនិយាយចេញមកក្រៅនៅបញ្ហានានា របស់ពួកគេមាន ហើយតែងតែមានអ្នកដែលស្តាប់ និងយល់ពីអារម្មណ៍របស់គេ។ សម្រាប់រាល់បញ្ហាទាំងអស់សុទ្ធតែមានដំណោះស្រាយ។ ខ្ញុំផ្តល់ទំនុកចិត្ត និងការស្វាគមន៍ដ៏កក់ក្តៅចំពោះស្រ្តីទាំងអស់។

ផ្លុង អុច
អ្នកបើកម៉ូតូកង់បី

នាងខ្ញុំឈ្មោះ ផ្លុង អុច​ ខ្ញុំរស់នៅក្នុងក្រុងសៀមរាប។ ខ្ញុំមានបងប្អូនស្រី​ម្នាក់​ និងបងប្អូនប្រុសបីនាក់។​ កាល​ពីមុនខ្ញុំជាស្ត្រីមេផ្ទះម្នាក់ហើយឥលូវខ្ញុំបានធ្វើការជាអ្នកបើកម៉ូតូកង់បីក្នុងអង្គការមជ្ឈមណ្ឌលធនធានស្ត្រី។ បានជាខ្ញុំសម្រេចចិត្តចូលរួមការងារជាមួយអង្គការមជ្ឈមណ្ឌលធនធានស្ត្រី ពីព្រោះខ្ញុំជាស្ត្រីកម្ពុជាម្នាក់ ហើយខ្ញុំចង់ឃើញស្ត្រីក្នុងពិភពលោកក្លាយជាស្ត្រីរឹងមាំ និងមានឱកាសដូចបុរសដែរ។ ខ្ញុំចង់ជួយស្ត្រីកម្ពុជារស់នៅប្រកបដោយសុវត្តភាព។ ខ្ញុំចូលចិត្តអង្គការមជ្ឈមណ្ឌលធនធានស្ត្រីដែលផ្តល់កន្លែងសុវត្តិភាព និងមានទំនុកចិត្តដល់ស្ត្រី ហើយទទូលបានការគាំទ្រផ្លូវចិត្តនិងការអប់រំក្រៅប្រព័ន្ធ។  

រៀម  លី
អ្នកអនាម័យ

នាងខ្ងុំឈ្មោះ: រៀម លី រស់នៅក្នុងក្រុងសៀមរាប ខ្ញុំមានបងប្អូនស្រី៣នាក់ និងបងប្អូនប្រុស៤នាក់។ កាលពីមុនខ្ងុំធ្វើការនៅប្រទេសថៃ​ តែឥលូវខ្ងុំមានការងារនៅមជ្ឈមណ្ឌលធនធានស្រ្តី បានជាខ្ងុំចូលធ្វើការងារនៅទីនេះពីព្រោះខ្ញុំចង់រកប្រាក់ចំណូលដើម្បីចិញ្ចឹមគ្រួសារ ហើយមិនតែប៉ុណ្ណោះខ្ងុំបានយល់ដឹងទាក់ទង់ផ្នែក សុខភាព​ ​ និងការចេះសន្សំប្រាក់ផងដែរ។ ខ្ងុំពិតជារីករាយខ្លាំងណាល់ដែលបានធ្វើការក្នុងអង្គការមជ្ឈមណ្ឌលធនធានស្រ្តី។  

ក្រុមប្រឹក្សាភិបាល

ប្រធានក្រុមប្រឹក្សា:: តែ ប៊ុននី (TE BOUNY)
សមាជិកក្រុមប្រឹក្សា:: គង់ វណ្ណថាត (KONG VANTHAT) :: អង្គការភ្លែនកម្ពុជា (Plan Cambodia)
សមាជិកក្រុមប្រឹក្សា:: ជូឌី ឡាឃីន (JUDY LARKIN) :: ស្ថាបនិកមជ្ឈមណ្ឌលធនធានស្រ្តី
សមាជិកក្រុមប្រឹក្សា:: ឡាំ ធាវី (THEAVY LAM) :: ម្ចាស់អាជីវកម្ម
សមាជិកក្រុមប្រឹក្សា:: មីឆែល ម៉ូរីន (MICHELLE MORIN) ::ស្ថាបនិក និងដឹកនាំអ្នកសម្របសម្រួល (Possibilities World) សមាជិកក្រុមប្រឹក្សា:: សាលី ដកក្លេស (SALLY DOUGLAS) :: អតីតទីប្រឹក្សាមជ្ឈមណ្ឌលធនធានស្រ្តី